Tuesday, June 9, 2015


ប្រជាពលរដ្ឋ​នៅ​ឃុំ​ក្រយា ស្រុក​សន្ទុក ខេត្ត​កំពង់ធំ ជាច្រើន​គ្រួសារ នៅ​តែ​ជួប​ការ​លំបាក​ក្នុង​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ ដោយសារ​តែ​ពួក​គេ​មិន​ទាន់​ទទួល​បាន​ដី​សម្បទាន​សង្គមកិច្ច​តាម​ការ​កំណត់​ដោយ​អាជ្ញាធរ​ខេត្ត។ ពួក​គេ​ស្នើ​ឲ្យ​អាជ្ញាធរ​ជួយ​ដោះស្រាយ​បញ្ចប់​បញ្ហា​នេះ។ យ៉ាង​ណា អាជ្ញាធរ​បញ្ជាក់​ថា បញ្ហា​នេះ​គេ​កំពុង​ធ្វើ​ការ​ដោះស្រាយ​ឈាន​ទៅ​បញ្ចប់​ក្នុង​ពេល​ឆាប់ៗ។
Photo by Licadho (http://www.rfa.org/khmer/news/land/land-dispute-in-kampongthom-06092015052130.html)

ពលរដ្ឋ​ប្រមាណ​ជិត ៥០​គ្រួសារ​នៅ​ឃុំ​ក្រយា ស្រុក​សន្ទុក នាំ​គ្នា​ដាក់​ពាក្យ​បណ្ដឹង​ទៅ​អង្គការ​សិទ្ធិ​មនុស្ស​ក្នុង​ខេត្ត ដើម្បី​ឲ្យ​ជួយ​ជំរុញ​ការ​ដោះស្រាយ​វិវាទ​ដីធ្លី​របស់​ពួក​គាត់​ទៅ​អាជ្ញាធរ​ពាក់ព័ន្ធ។
ការ​ដាក់​ពាក្យ​បណ្ដឹង​នេះ បន្ទាប់​ពី​ពួក​គេ​ស្វែងរក​កិច្ច​អន្តរាគមន៍​ទៅ​អាជ្ញាធរ​មូលដ្ឋាន​ជាច្រើន​លើក​ច្រើន​សា ប៉ុន្តែ​គ្មាន​ដំណោះស្រាយ។
តំណាង​ពលរដ្ឋ​រស់នៅ​ភូមិ​សែនសេរី អ្នកស្រី អ៊ុក ថាវរី ឲ្យ​ដឹង​ថា ចាប់​តាំង​ពី​ពេល​ពួក​គាត់​ទទួល​បាន​ប័ណ្ណ​សម្គាល់​ដីធ្លី ដែល​អាជ្ញាធរ​ខេត្ត​ផ្តល់​ដី​សម្បទាន​សង្គមកិច្ច​កាល​ពី​ដើម​ឆ្នាំ​២០១៤ ប៉ុន្តែ​ដី​នោះ​ត្រូវ​បាន​ក្រុម​ប្រជាពលរដ្ឋ​តំបន់​ផ្សេងៗ​ចូល​ទៅ​កាប់​ទន្ទ្រាន​ជំនួស ដោយ​មិន​មាន​ការ​ហាម​ឃាត់​ពី​អាជ្ញាធរ ហើយ​ថែម​ទាំង​គំរាម​ពលរដ្ឋ​មាន​ប័ណ្ណ​សម្គាល់​ដីធ្លី​ទាំង​នោះ​ទៀត​ផង។ បញ្ហា​នេះ ធ្វើ​ឲ្យ​ពលរដ្ឋ​ក្រីក្រ និង​ក្រុម​ជន​ពិការ​យល់​ថា ក្រុម​ប្រជាពលរដ្ឋ​តំបន់​ផ្សេង​អាច​ចូល​កាន់​កាប់​ដី​សម្បទាន​សង្គមកិច្ច​ជំនួស​ពួក​គាត់​បាន គឺ​មាន​អាជ្ញាធរ​ជា​អ្នក​នៅ​ពី​ក្រោយ៖ «ខ្ញុំ​ថា​ប្រហែល​ជា​គាត់​ព្រងើយ​កន្តើយ​រឿង​ហ្នឹង។ ប្រហែល​ជា​គាត់​រវល់​ការងារ​គាត់​ក៏​មិន​ដឹង ឬ​មួយ​គាត់​មិន​អើពើ​ក៏​មិន​ដឹង»
ពាក្យ​បណ្ដឹង​របស់​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ (Licadho) ខេត្ត​កំពង់ធំ ដាក់​ទៅ​អាជ្ញាធរ​ខេត្ត​កំពង់ធំ ដើម្បី​ជំរុញ​ឲ្យ​អាជ្ញាធរ​ខេត្ត​ជួយ​ដោះស្រាយ​បញ្ហា​ដីធ្លី​ជូន​ពលរដ្ឋ​ទាំង​នោះ កាល​ពី​ថ្ងៃ​ទី​៤ ឧសភា ដោយ​យោង​តាម​ពាក្យ​បណ្ដឹង​របស់​ពលរដ្ឋ​នៅ​ឃុំ​ក្រយា កាល​ពី​ពេល​កន្លង​ទៅ។ ក្នុង​លិខិត​អន្តរាគមន៍​បាន​រៀបរាប់​ថា មាន​ពលរដ្ឋ ៤៩​គ្រួសារ​ទទួល​ដី​សម្បទាន​សង្គមកិច្ច​មួយ​គ្រួសារ​មួយ​ហិកតារ នៅ​តំបន់​សូងសាង ព្រម​ទាំង​មាន​បង្កាន់ដៃ​សម្គាល់​សិទ្ធិ​តាំង​ពី​ដើម​ឆ្នាំ​២០១៤ ប៉ុន្តែ​ដី​នោះ​ត្រូវ​ពលរដ្ឋ​ផ្សេង​អះអាង​ថា​ជា​ដី​របស់​ខ្លួន ដោយ​មិន​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ដែល​រាជ​រដ្ឋាភិបាល​ផ្ដល់​សម្បទាន​សង្គមកិច្ច​ចូល​កាន់​កាប់​ទេ។
ពលរដ្ឋ​នៅ​ភូមិ​សែនសេរី ក្នុង​ឃុំ​ក្រយា គឺ​ជា​ប្រជាពលរដ្ឋ​ដែល​ត្រូវ​បាន​គេ​បណ្ដេញ​ចេញ​ពី​តំបន់​បន្ទាយ​រងៀង បន្ទាប់​ពី​ដី​តំបន់​នោះ​ត្រូវ​បាន​រាជ​រដ្ឋាភិបាល​ផ្ដល់​សម្បទាន​សេដ្ឋកិច្ច​ទៅ​ឲ្យ​ក្រុមហ៊ុន​វៀតណាម មួយ​ឈ្មោះ តាំង​បៀង តាំង​ពី​ឆ្នាំ​២០០៨។ ពលរដ្ឋ​ក្រីក្រ គ្រួសារ​ស្ត្រី​ទុរគត និង​គ្រួសារ​យោធិន​ពិការ​ជាច្រើន​រយ​គ្រួសារ ត្រូវ​រស់នៅ​យ៉ាង​ពិបាក​គ្មាន​ដី​សម្រាប់​ធ្វើ​ស្រែ​ចម្ការ។ នៅ​ឆ្នាំ​២០១៣ និង​រហូត​ដល់​ដើម​ឆ្នាំ​២០១៤ ទើប​រាជ​រដ្ឋាភិបាល​សម្រេច​ផ្តល់​ដី​ទំហំ​មួយ​ហិកតារ​ក្នុង​មួយ​គ្រួសារ​សម្រាប់​ធ្វើ​ស្រែ​ចម្ការ ប៉ុន្តែ​មក​ដល់​ពេល​នេះ មាន​ពលរដ្ឋ​មួយ​ភាគ​ធំ​ទទួល​បាន ប៉ុន្តែ​ពលរដ្ឋ​ខ្លះ​ទៀត​មិន​ទាន់​បាន​ដី​សម្រាប់​បង្កបង្កើន​ផល​ទេ។
ទាក់ទង​បញ្ហា​នេះ អភិបាល​ស្រុក​សន្ទុក លោក ពេជ សុធា មាន​ប្រសាសន៍​ថា អាជ្ញាធរ​កំពុង​ដោះស្រាយ​ដី​តំបន់​ផ្សេង​ឲ្យ​ពួក​គាត់​ជំនួស​វិញ ពីព្រោះ​ដី​ដែល​តម្រូវ​ឲ្យ​ពលរដ្ឋ​ពី​ដំបូង គឺ​មាន​ភាព​ចម្រូងចម្រាស​ជាមួយ​ពលរដ្ឋ​ផ្សេង ពិសេស​គឺ​ប៉ះពាល់​លើ​ដី​ពលរដ្ឋ​ធ្លាប់​អាស្រ័យ​ផល​ជាក់ស្តែង។ លោក​បន្ថែម​ថា មិន​មែន​ពលរដ្ឋ​ជិត ៥០​គ្រួសារ​ទេ ប៉ុន្តែ​គឺ​រហូត​ជាង ១០០​គ្រួសារ (១៣៦) ដែល​មិន​ទាន់​ទទួល​បាន​ដី​សម្បទាន​សង្គមកិច្ច។ អភិបាល​ស្រុក​ដដែល​អះអាង​ថា អាជ្ញាធរ​មិន​មែន​ជា​អ្នក​នៅ​ពី​ក្រោយ​ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ៖ «ការងារ​ហ្នឹង​អភិបាល​ខេត្ត​ដោះស្រាយ​ហើយ ហើយ​យើង​បាន​ប្រាប់​គាត់​ថា​នឹង​ផ្តល់​ដី​សម្បទាន​សង្គមកិច្ច​នៅ​បឹង​ល្វាលើ»
លោក​បន្ថែម​ថា នឹង​ផ្សព្វផ្សាយ​បញ្ហា​នេះ​ជូន​ពលរដ្ឋ​មិន​ទាន់​ទទួល​បាន​ដី​សម្បទាន​សង្គមកិច្ច​ដោយ​ឲ្យ​ពួក​គាត់​រង់ចាំ​ប្រហែល​ជា​មួយ​ខែ​ទៅ​ពីរ​ខែ​ទៀត ទម្រាំ​អាជ្ញាធរ​រៀបរយ និង​ឈូស​ឆាយ​ឲ្យ​បាន​ស្អាត​បាត ជៀសវាង​ចែក​ជូន​ពលរដ្ឋ​ហើយ ពួក​គេ​នាំ​គ្នា​យក​ដី​នោះ​លក់​បន្ត​ទៀត។
ការ​អះអាង​របស់​អាជ្ញាធរ​ស្រុក​ពេល​នេះ ពលរដ្ឋ​យោធិន​ពិការ​ជើង​ឆ្វេង​ម្នាក់ លោក កែវ កាន ហាក់​មិន​សូវ​មាន​សង្ឃឹម​នោះ​ទេ ពីព្រោះ​ការ​លើក​ឡើង​របស់​អាជ្ញាធរ គឺ​ពលរដ្ឋ​ធ្លាប់​ឮ​ប្រហែល ២​ឆ្នាំ​មក​ហើយ ប៉ុន្តែ​ពលរដ្ឋ​នៅ​តែ​ខក​ចិត្ត​ដដែល។ លើស​ពី​នេះ​ទៀត លោក​បារម្ភ​ថា ដី​នៅ​តំបន់​បឹង​ល្វាលើ ស្ថិត​នៅ​ក្នុង​ឃុំ​បឹងល្វា គឺ​ខ្លាច​ក្រែង​តែ​ប៉ះ​ចំ​ដី​ពលរដ្ឋ​ធ្លាប់​អាស្រ័យ​ផល​ម្តង​ទៀត៖«ខ្ញុំ​មិន​មាន​សង្ឃឹម​ថា ព្រោះ​កាល​ចៅហ្វាយ​ខេត្ត លោក អ៊ុត សំអន ហើយ​គាត់​ថា​ចាំ​គេ​ដោះស្រាយ​តាំង​ពី​មិន​ទាន់​បង្កបង្កើន​ផល ប៉ុន្តែ​តាំង​ពី​ហ្នឹង​មក​វា​ស្ងាត់​ឈឹង»
ចំណែក​មន្ត្រី​សម្រប​សម្រួល​អង្គការ​ការពារ​លីកាដូ ខេត្ត​កំពង់ធំ លោក ញ៉ូង សាមឿន ដែល​បាន​ចុះ​អង្កេត​រឿង​នេះ​មាន​ប្រសាសន៍​ថា បញ្ហា​ដីធ្លី​នៅ​ឃុំ​ក្រយា គឺ​បង្ហាញ​ពី​អសមត្ថភាព​ចំពោះ​ការ​ដោះស្រាយ​បញ្ហា​ដីធ្លី​របស់​អាជ្ញាធរ​ខេត្ត​កំពង់ធំ។ លោក​បន្ថែម​ថា ពលរដ្ឋ​ទាំង​នោះ​ជួប​ទុក្ខ​លំបាក​ផ្ទួនៗ​គ្នា ពីព្រោះ​ក្រៅ​ពី​បណ្ដេញ​ពួក​គាត់​ចេញ​ពី​កន្លែង​ធ្លាប់​រស់នៅ​ហើយ អាជ្ញាធរ​មិន​បាន​គិតគូរ​ជូន​ពលរដ្ឋ​ឲ្យ​ប្រសើរ​នោះ​ទេ អស់​រយៈពេល​ប្រមាណ ៥​ឆ្នាំ គឺ​យក​ពួក​គាត់​ទៅ​ដាក់​កណ្ដាល​ព្រៃ​ចោល ខុស​ប្លែក​ពី​ក្រុមហ៊ុន​វៀតណាម នៅ​ទីនោះ ព្រោះ​គេ​ដាំ​ដំណាំ​កៅស៊ូ​បាន​ទទួល​ផល​ទៅ​ហើយ។ លើស​ពី​នេះ​លោក​ថា ពលរដ្ឋ​ផ្សេង​ដែល​ចូល​ទៅ​កាន់​កាប់​ដី​សម្បទាន​សង្គមកិច្ច ជំនួស​ពលរដ្ឋ​មក​ពី​តំបន់​បន្ទាយ​រងៀង គឺ​មួយ​ចំនួន​ធំ​មាន​អាជ្ញាធរ​កាង​នៅ​ពី​ក្រោយ​ខ្នង។ លោក​មើល​ឃើញ​ថា ដី​តំបន់​ផ្សេង​ដែល​អាជ្ញាធរ​គ្រោង​នឹង​ចែក​ជូន​ពលរដ្ឋ​មាន​បញ្ហា​ទាំង​នេះ ប្រហែល​ជា​ពួក​គាត់​មិន​ទទួល​យក​ទេ៖ «ជាប់​ព្រំប្រទល់​ក្រុមហ៊ុន​តាំង​បៀន​ហ្នឹង ពួក​គាត់​នឹង​មិន​ទៅ​ទេ ពួក​គាត់​ថា​វា​ឆ្ងាយ​ណាស់​ពី​ភូមិ​ពួក​គាត់​រស់នៅ។ មួយ​ទៀត នៅ​តំបន់​ឯណោះ​គឺ​ជា​តំបន់​ព្រៃ​ដដែល ហើយ​ជា​ដី​ដែល​ពុំ​សូវ​មាន​ជីជាតិ»
មន្ត្រី​សិទ្ធិ​មនុស្ស​ដដែល​លើក​ឡើង​ទៀត​ថា អាជ្ញាធរ​គប្បី​ដោះស្រាយ​ជូន​ពលរដ្ឋ​ទាំង​នោះ​ឲ្យ​ឆាប់​រហ័ស ជៀសវាង​ចេះ​តែ​ពន្យារ​ពេល​ម្តង​ហើយ​ម្តង​ទៀត ហើយ​ពលរដ្ឋ​ចេះ​តែ​បន្ត​រស់នៅ​ក្នុង​ស្ថានភាព​ពិបាក​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​នោះ៕
ដកស្រង់ចេញពី៖ http://www.rfa.org

0 comments:

Post a Comment